Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

29 នៃ 839 កាត

លុបតម្រង
“ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យលើការនៀត ហើយសម្រាប់បុគ្គលនោះនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត។ ដូចេ្នះ បុគ្គលណាធ្វើចំណាកស្រុក(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការធ្វើចំណាកស្រុករបស់គេត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ រីឯបុគ្គលណាធ្វើចំណាកស្រុកដើម្បីផលប្រយោជន៍លោកិយ គេនឹងទទួលបានផលប្រយោជន៍នោះ ឬក៏(ធ្វើចំណាកស្រុក)ដើម្បីរៀបការជាមួយស្ត្រីណាម្នាក់ ការចំណាកស្រុករបស់គេនឹងបានផលទៅតាមគោលបំណងរបស់គេ”។
ហាទីស្ហសហេស រាយកាណ៍ដោយ អ៊ីម៉ាំនៃអ្នកប្រាជ្ញផ្នែកហាទីស្ហទាំងពីររូប គឺ អាពូអាប់ទុលឡោះ មូហាំម៉ាត់ ពិន អ៊ីស្មាអែល ពិន អ៊ីព្រហ៊ីម ពិន អាល់មូហ្គីរ៉ោះ ពិន ពើរទីសហ្ពះ អាល់ពូខរី និង អាពូអាល់ហូសេន មូស្លីម ពិន អាល់ហាច់ហ្ជាច ពិន មូស្លីម អាល់គូស្ហៃរី អាន់ណៃសាពូរី នៅក្នុងសៀវភៅសហេសរបស់គាត់ទាំងពីរ ដែលជាសៀវភៅដែលត្រឹមត្រូវជាងគេបំផុតក្នុងចំណោមសៀវភៅគេរៀបរៀងឡើង។
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេបានដាក់បទបញ្ជាចំពោះខ្ញុំឱ្យប្រយុទ្ធប្រឆាំងនឹងមនុស្ស រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ព្រមទាំងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ប្រសិនបើពួកគេធ្វើដូច្នោះ ពួកគេត្រូវបានការពារអំពីខ្ញុំនូវអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេ លើកលែងតែអ្វីដែលជាសិទ្ធិរបស់អ៊ីស្លាម ហើយការជំនុំជម្រះពួកគេ គឺស្ថិតលើអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្វីដែលខ្ញុំហាមឃាត់ពួកអ្នក ចូរពួកអ្នកចៀសវាងអំពីវា។ ហើយអ្វីដែលខ្ញុំបង្គាប់ប្រើពួកអ្នក ចូរពួកអ្នកធ្វើវាទៅតាមលទ្ធភាពរបស់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយដោយសារតែការសួរដេញដោលច្រើនរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អំពីណាពី ﷺ តាមអ្វីដែលលោករាយការណ៍ពីអល់ឡោះជាម្ចាស់ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ “ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកវងេ្វង លើកលែងតែជនណាដែលយើងបានចង្អុលបង្ហាញដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំការចង្អុលបង្ហាញពីយើង នោះយើងនឹងចង្អុលបង្ហាញដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលស្រេកឃ្លាន លើកលែងតែជនដែលយើងបានផ្តល់អាហារដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំអាហារទទួលទានពីយើង នោះយើងនឹងផ្តល់អាហារដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលអាក្រាត លើកលែងតែជនណាដែលយើងបានផ្តល់សម្លៀកបំពាក់ដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំសម្លៀកបំពាក់ពីយើង នោះយើងនឹងផ្តល់សម្លៀកបំពាក់ដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកំហុសឆ្គងទាំងយប់ទាំងថ្ងៃ ហើយយើងជាអ្នកអភ័យទោសចំពោះបាបកម្មទាំងអស់។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីយើង នោះយើងនឹងអភ័យទោសដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកពិតជាមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់យើងបានឡើយ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីមួយដល់យើងនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែគោរពប្រតិបត្តិមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សល្អដែលបំផុតម្នាក់នៃពួកអ្នកក៏ដោយ ក៏វាមិនបានបន្ថែមអ្វីដល់អំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែប្រព្រឹត្តល្មើសមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សដែលអាក្រក់បំផុតម្នាក់ក៏ដោយ ក៏វាមិនបានកាត់បន្ថយអំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិនឈរនៅកន្លែងតែមួយ ហើយសុំអ្វីៗពីយើង(តាមបំណងរៀងៗខ្លួន) រួចយើងផ្តល់ឲ្យមនុស្សគ្រប់រូបនូវអ្វីដែលគេបានសុំក៏ដោយ ក៏វាមិនបានកាត់បន្ថយនូវអ្វីដែលយើងមានបន្តិចណានោះដែរ លើកលែងតែដូច(តំណក់ទឹកជាប់ម្ជុល)ពេលគេជ្រមុជវាទៅក្នុងទឹកសមុទ្រ(ហើយលើកវិញ)ប៉ុណ្ណោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ គ្រប់ទង្វើរបស់ពួកអ្នក យើងនឹងកត់ត្រាទុកជូនពួកអ្នក។ បន្ទាប់មក យើងនឹងតបស្នងដល់ពួកអ្នកវិញ។ ដូចេ្នះ បុគ្គលណាទទួលបានផលល្អ ចូរឲ្យគេថ្លែងសរសើរចំពោះអល់ឡោះ។ ចំណែកឯបុគ្គលណាដែលទទួលបានផលផ្សេងពីនោះ ចូរកុំឲ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនឯងឲ្យសោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែរូបគេស្រលាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។ ការផ្សះផ្សារវាងបុគ្គលពីរនាក់ដោយយុត្ដិធម៌ ជាការបរិច្ចាគទានមួយ។ ការជួយមនុស្សម្នាក់ឲ្យឡើងជំនិះរបស់ខ្លួន ឬជួយលើកឥវ៉ាន់ដាក់លើជំនិះរបស់គាត់ ជាការបរិច្ចាគទានមួយ។ ពាក្យសម្ដីល្អ ជាការបរិច្ចាគទានមួយ។ រាល់ជំហានដែលគេដើរទៅសឡាត ជាការបរិច្ចាគទានមួយ ហើយការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ ក៏ជាការបរិច្ចាគទានមួយដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ ដោយទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់) ហើយចូរពួកអ្នកសាងទង្វើកុសល”។ ហើយទ្រង់បានមានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់)ដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក”។ បន្ទាប់មក លោក បានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា៖ ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ! ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់។ ទឹករបស់គាត់ជាអ្វីដែលគេហាមឃាត់។ សម្លៀកបំពាក់របស់គាត់ជាអ្វីដែលគេហាមឃាត់។ អាហារដែលគេផ្ដល់ឲ្យក៏ជាប្រការដែលគេហាមឃាត់។ ដូចនេះ តើឲ្យគេទទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច”?
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម