Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

12 នៃ 839 កាត

លុបតម្រង
“បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានក្រោកឈរនៅចំពោះមុខពួកយើង ហើយលោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយដល់ពួកយើងដែលធ្វើឲ្យចិត្តរបស់យើងញាប់ញ័រ ហើយស្រក់ទឹកភ្នែក។ ពេលនោះ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! លោកផ្តល់ដំបូន្មានដល់ពួកយើងហាក់ដូចជាដំបូន្មានចុងក្រោយអញ្ចឹង។ ហេតុនេះ សូមផ្តល់ការណែនាំមកកាន់ពួកយើងមក។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ខ្ញុំធ្លាប់បានកត់ត្រាទុករាល់អ្វីទាំងអស់ដែលខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ ដោយខ្ញុំចង់ទន្ទេញវា។ ពេលនោះ ពួកគួរ៉ស្ហបានហាមខ្ញុំ និងបាននិយាយថា៖ តើអ្នកកត់ត្រាទុករាល់អ្វីទាំងអស់ដែលអ្នកបានឮវាពីរ៉ស៊ូលុលឡោះ ﷺ ឬ ខណៈដែលរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ទាំងនៅពេលកំពុងខឹង និងពេលស្ងប់ស្ងាត់នោះ? ដូចនេះ ខ្ញុំក៏ឈប់កត់ត្រា ហើយខ្ញុំបានរំលឹករឿងនេះប្រាប់រ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ លោកបានយកម្រាមដៃរបស់លោកចង្អុលទៅកាន់មាត់របស់លោក ហើយលោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ
ខ្ញុំបានធ្វើដំណើរជាមួយប្រតិភូនៃអម្បូរអាមៀរទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
មានបុរសម្នាក់បានមករកព្យាការី ﷺ ហើយបាននិយាយថា៖ ឱរ៉សូលុលឡោះ មានម្នាក់ក្នុងចំណោមពួកយើងដែលរកឃើញនៅក្នុងខ្លួនគេ - សញ្ញាអ្វីមួយ- ហើយគេចង់ឱ្យវាក្លាយទៅជាផេះ(ទុកក្នុងចិត្ត)ជាជាងនិយាយវាចេញមក។ បន្ទាប់មក រ៉សូលុលឡោះ បានពោលថា៖ "អល់ឡហ៊ូអឹកពើរ អល់ឡហ៊ូអឹកពើរ។ ការសរសើរទាំងអស់គឺសម្រាប់តែអល់ឡោះដែលបានកាត់បន្ថយល្បិចកលរបស់ស្ហៃតនឱ្យនៅគ្រាន់តែជាការខ្សឹបខ្សៀវ"។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"
“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)។ ហេតុនេះ អ្វីដែលពួកយើងបានឃើញក្នុងគម្ពីរនេះអំពីប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ពួកយើងចាត់ទុកវាជាប្រការដែលគេអនុញ្ញាត។ ហើយអ្វីដែលពួកយើងបានឃើញនៅក្នុងគម្ពីរនេះអំពីប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) នោះពួកយើងចាត់ទុកវាជាប្រការដែលគេហាមឃាត់។ ហើយជាការពិតណាស់ អ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បម្រាម ក៏ដូចជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បម្រាមដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ចូរពួកអ្នកកុំនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)។ ក៏ប៉ុន្តែពួកអ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបបុគ្គលនោះមានចេតនា”។
ហាទីស្ហសហេសដោយការប្រមូលផ្តុំសេចក្តីរាយការណ៍ជាច្រើនមកបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ីក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
“ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក”(បីដង)។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង លើកលែងតែមាន(គំនិតបែបនេះ)។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់វាតាមរយៈការប្រគល់ការទុកចិត្ត(លើទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់