Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

11 នៃ 839 កាត

លុបតម្រង
“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ គាត់បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងការសូត្រ វាធ្វើឲ្យខ្ញុំច្រឡូកច្រឡំ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង”។ គាត់បាននិយាយថា៖ ខ្ញុំបានធ្វើដូច្នោះ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង គេនឹងទទួលផលបុណ្យដូចជាការដោះលែងទាសករដប់នាក់ ហើយគេកត់ត្រាឲ្យជននោះនូវទង្វើល្អមួយរយ និងបោសសម្អាតនូវទង្វើអាក្រក់ចំនួនមួយរយ ព្រមទាំងទទួលបាននូវការការពារពីស្ហៃតននៅថ្ងៃនោះ រហូតដល់ល្ងាច។ ហើយគ្មានអ្នកណាម្នាក់អាចមានទង្វើដែលល្អជាងគេនោះទេ លើកលែងតែអ្នកដែលសូត្រលើសនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អំពី ណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍អំពីម្ចាស់របស់លោក ទ្រង់បានមានបន្ទូលថា៖ “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ ក្រោយមក គេបានត្រឡប់ទៅសាងបាបកម្មទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ បន្ទាប់មក គេក៏ត្រឡប់ទៅសាងបាបកម្មម្តងទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស។ ចូរអ្នកធ្វើអ្វីតាមដែលអ្នកចង់ចុះ។ ពិតប្រាកដណាស់ យើងពិតជាបានលើកលែងទោសឲ្យអ្នកហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានចេញមកជួបនឹងសហាហ្ពាត់របស់លោកមួយក្រុមដែលកំពុងជួបជុំគ្នា ហើយលោកបានសួរថា៖ “តើអ្វីទៅដែលធ្វើឲ្យពួកអ្នកមកអង្គុយជុំគ្នា(នៅទីនេះ)”? ពួកគេបានឆ្លើយថា៖ ពួកយើងអង្គុយហ្ស៊ីកៀរ(រលឹក)ទៅចំពោះអល់ឡោះជាម្ចាស់ ហើយ ថ្លែងសរសើរទៅចំពោះទ្រង់ចំពោះការដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវសាសនាអ៊ីស្លាម និងប្រទានវាដល់ពួកយើង។ លោកបានសួរទៀតថា៖ “តើហ៊ានស្បថនឹងអល់ឡោះឬទេថា ពួកអ្នកអង្គុយជុំគ្នានេះ គឺគ្មានបំណងអ្វីផ្សេងក្រៅពីនេះនោះ”? ពួកគេបានឆ្លើយថា៖ សូមស្បថនឹងអល់ឡោះ! គ្មានអ្វីដែលធ្វើឲ្យពួកយើងមកអង្គុយជុំគ្នា(នៅទីនេះ)ក្រៅពីនេះនោះឡើយ។ លោកក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الصَّلاَةِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الفَلاَحِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ គេត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ لاَ إِلَهَ إِلاَّ الله ។ ជនណាដែលពោលដូចនេះចេញពីចិត្តរបស់ខ្លួននោះ នឹងបានចូលឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី ﷺ បាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! អ្នកមានទាំងឡាយគេយកផលបុណ្យអស់ហើយ។ ពួកគេសឡាតដូចពួកខ្ញុំសឡាតដែរ ពួកគេបួសដូចពួកខ្ញុំបួសដែរ ហើយពួកគេមានទ្រព្យសម្បត្ដិសេសសល់ដើម្បីបរិច្ចាគទានថែមទៀត។ លោកក៏បានមានប្រសាសន៍ថា៖ “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើការដែលបុគ្គលណាម្នាក់ក្នុងចំណោមពួកយើងបំពេញចំណង់តណ្ហារបស់ខ្លួនសោះនោះ តើបានផលបុណ្យដែរឬ? លោកបានឆ្លើយថា៖ តើពួកអ្នកយល់យ៉ាងណា ប្រសិនបើរូបគេបំពេញចំណង់តណ្ហាក្នុងផ្លូវដែលគេហាមឃាត់ តើរូបគេនឹងមានបាបកម្មមែនទេ? ដូច្នោះដែរ ប្រសិនបើគេបំពេញវាតាមផ្លូវដែលស្របច្បាប់ នោះគេនឹងទទួលបានផលបុណ្យ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម