Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

67 នៃ 839 កាត

លុបតម្រង
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ អំពីថ្ងៃបរលោក ដោយគាត់បានសួរថា៖ តើពេលណាថ្ងៃបរលោកកើតឡើង? លោកបានមានប្រសាសន៍ថា៖ “តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃនោះ”? បុរសនោះឆ្លើយថា៖ ខ្ញុំមិនបានត្រៀមអ្វីឡើយ ប៉ុន្តែខ្ញុំពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”។ អាណាសបាននិយាយថា៖ ពួកយើងមិនដែលសប្បាយរីករាយចំពោះអ្វីមួយដូចជាភាពសប្បាយរីករាយរបស់ពួកយើងចំពោះប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”នោះឡើយ។ អាណាសបានបន្តថា៖ ខ្ញុំពិតជាស្រឡាញ់ណាពី ﷺ អាពូហ្ពាកើរ និងអ៊ូមើរ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងបាននៅជាមួយពួកគាត់ដោយសារតែក្តីស្រឡាញ់របស់ខ្ញុំចំពោះពួកគាត់ ទោះបីជាខ្ញុំមិនបានសាងទង្វើកុសលដូចទង្វើកុសលរបស់ពួកគាត់ក៏ដោយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។ ពួកគេមិនបត់ជើងតូច មិនបត់ជើងធំ មិនស្ដោះទឹកមាត់ និងមិនមានសំបោរឡើយ។ ក្រាស់របស់ពួកគេធ្វើអំពីមាស។ ញើសរបស់ពួកគេមានក្លិនក្រអូបដូចទឹកអប់។ គ្រឿងក្រអូបរបស់ពួកគេ គឺជាអាឡូហ្វះ(ឈើក្រអូប)។ ភរិយារបស់ពួកគេ គឺហ៊ូរុលអ៊ីន(ទេពអប្សរដែលបរិសុទ្ធ)។ ពួកគេមានរូបរាងដូចជាបុរសម្នាក់ គឺដូចជាឪពុករបស់ពួកគេ អាហ្ទាំ ដែលមានកម្ពស់ហុកសិបហត្ថ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“កាលណាអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវរបស់ខ្លួន អ្នកដែលសម្លាប់គេ និងអ្នកដែលត្រូវគេសម្លាប់ សុទ្ធតែស្ថិតក្នុងឋាននរក”។ ខ្ញុំ(នូហ្វៃក)បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! (ទណ្ឌកម្ម)នេះគឺសម្រាប់អ្នកដែលសម្លាប់គេ ចុះអ្នកដែលត្រូវគេសម្លាប់វិញ មានកំហុសអ្វីដែរទៅ? លោកបានឆ្លើយថា៖ “ប្រាកដណាស់ គេក៏បានព្យាយាមសម្លាប់ដៃគូខ្លួនដែរ(តែមិនបានសម្រេច)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង គេនឹងទទួលផលបុណ្យដូចជាការដោះលែងទាសករដប់នាក់ ហើយគេកត់ត្រាឲ្យជននោះនូវទង្វើល្អមួយរយ និងបោសសម្អាតនូវទង្វើអាក្រក់ចំនួនមួយរយ ព្រមទាំងទទួលបាននូវការការពារពីស្ហៃតននៅថ្ងៃនោះ រហូតដល់ល្ងាច។ ហើយគ្មានអ្នកណាម្នាក់អាចមានទង្វើដែលល្អជាងគេនោះទេ លើកលែងតែអ្នកដែលសូត្រលើសនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
”កាលពីជំនាន់មុនពួកអ្នក មានបុរសម្នាក់មានរបួស។ ដោយភាពគ្មានអំណត់ បុរសនោះក៏បានយកកាំបិតមកកាត់ដៃរបស់ខ្លួន។ ពេលនោះ ឈាមនៅតែហូរមក រហូតដល់គាត់បានស្លាប់។ អល់ឡោះបានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងប្រញាប់ប្រញាល់មករកយើងដោយខ្លួនឯង។ ដូចនេះ យើងហាមឃាត់រូបគេមិនឱ្យចូលឋានសួគ៌ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱអល់ឡោះជាម្ចាស់! គ្មានទេការរស់នៅពិតប្រាកដ គឺមានតែការរស់នៅនាថ្ងៃបរលោក។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសឲ្យពួកអាន់សរ និងពួកមូហាជីរីនផងចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម