Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

48 នៃ 839 កាត

លុបតម្រង
ពួកយើងធ្លាប់បានស្ថិតនៅក្នុងសមរភូមិមួយ។ ខណៈនោះ មានបុរសម្នាក់នៃពួកមូហាជីរីនបានទះគូទបុរសម្នាក់ទៀតនៃពួកអាន់សរ។ ពេលនោះ បុរសអាន់សរបានស្រែកថា៖ ឱពួកអាន់សរអើយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ឱពួកមូហាជីរីនអើយ! ខណៈនោះ អល់ឡោះជាម្ចាស់បានឲ្យអ្នកនាំសាររបស់ទ្រង់ ﷺ ឮពាក្យទាំងនេះ។ លោកក៏សួរថា៖ “តើនេះជាអ្វី”? ពួកគេបានឆ្លើយថា៖ បុរសម្នាក់នៃពួកមូហាជីរីនបានទះគូទបុរសម្នាក់ទៀតនៃពួកអាន់សរ។ ហើយបុរសអាន់សរបានស្រែកថា៖ ឱពួកអាន់សរអើយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ឱពួកមូហាជីរីនអើយ! ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរឈប់ធ្វើបែបនេះទៅ ព្រោះវាជាទង្វើដែលគួរឱ្យស្អប់ខ្ពើមណាស់”។ ជើពៀរបាននិយាយថា៖ នៅពេលដែលណាពី ﷺ មកដល់(ក្រុងម៉ាទីណះ) ពួកអាន់សរមានចំនួនច្រើនជាង។ (ប៉ុន្តែ)ក្រោយមក ពួកមូហាជីរីនក៏មានចំនួនកើនឡើង។ អាប់ទុលឡោះ ពិន អ៊ូពៃ បាននិយាយថា៖ តើពួកគេធ្វើដល់ថ្នាក់នេះឬ? សូមស្បថនឹងអល់ឡោះ! ប្រសិនបើពួកយើងត្រឡប់ទៅកាន់ក្រុងម៉ាទីណះវិញ ប្រាកដជាអ្នកដែលខ្លាំងពូកែនឹងបណ្តេញអ្នកដែលទន់ខ្សោយចេញពីទីនោះជាមិនខាន។ ពេលនោះ អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកទុកឲ្យខ្ញុំកាត់ក្បាលជនពុតត្បុតនេះទៅ។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “លែងគេទៅ។ កុំឲ្យមនុស្សនិយាយថា មូហាំម៉ាត់កំពុងតែសម្លាប់មិត្តភក្តិខ្លួនឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានអង្គុយជាមួយណាពី ﷺ ។ ខណៈនោះ មានបុរសពីរនាក់ជេរប្រមាថគ្នា។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរមុខឡើងក្រហម សរសៃកឡើងប៉ោង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។ ហេតុនេះ ពួកគេក៏បានប្រាប់បុរសនោះថា៖ ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីស្ហៃតន”។ ពេលនោះ បុរសនោះបាននិយាយថា៖ តើខ្ញុំឆ្កួតឬ?
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែរូបគេស្រលាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ”។ គាត់បន្តថា៖ បន្ទាប់មក លោកបានសូត្រ៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ﴾ [سورة هود(102)] (នោះហើយជាទណ្ឌកម្មនៃម្ចាស់របស់អ្នក។ នៅពេលណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយ គឺដោយសារតែភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់បំផុត”)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក ដោយវាជំរុញពួកគេឲ្យបង្ហូរឈាមគ្នា និងរំលោភបំពានលើអ្វីដែលត្រូវបានហាមឃាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“តើខ្ញុំមិនបានប្រាប់ពួកអ្នកអំពីបាបកម្មដែលធំបំផុតឬទេ”? ពួកយើងបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងអកតញ្ញូចំពោះឪពុកម្ដាយ”។ មុននេះលោកបានផ្អែកខ្លួន ហើយលោកក៏អង្គុយវិញ រួចនិយាយថា៖ “តើពុំមែនទេ គឺពាក្យសម្ដីភូតកុហក”។ អាពូពឹករ៉ោះ បាននិយាយថា៖ លោកនៅបន្ដមានប្រសាសន៍ចុះឡើង រហូតពួកយើងគិតចង់ឲ្យលោកឈប់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម