Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
“សឡាតរបស់បុរសជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទទួលបានផលបុណ្យលើសពីសឡាតរបស់ជននោះនៅឯផ្ទះនិងនៅផ្សារច្រើនជាងម្ភៃកម្រិត។ នោះគឺដោយសារតែនៅពេលដែលនរណាម្នាក់នៃពួកគេយកវូហ្ទុ គឺគេយកដោយល្អប្រសើរ(ត្រឹមត្រូវ) បន្ទាប់មក គេទៅម៉ាស្ជិតដោយគ្មានមូលហេតុអ្វីឲ្យគេចេញទៅទីនោះក្រៅពីការសឡាតឡើយ ហើយគេក៏គ្មានបំណងអ្វីក្រៅពីសឡាតដែរ។ ដូចនេះ រាល់ជំហានដែលជននោះដើរ គេនឹងលើកតម្កើងឋានៈរបស់ជននោះមួយកម្រិត ហើយលុបបំបាត់ចោលកំហុសឆ្គង(បាបកម្ម)របស់គេមួយ រហូតដល់រូបគេចូលម៉ាស្ជិត។ នៅពេលដែលគេបានចូលក្នុងម៉ាស្ជិត គឺត្រូវបានគេចាត់ទុកថាដូចជាគេកំពុងតែសឡាត ខណៈពេលដែលគេកំពុងរង់ចាំសឡាតនោះ។ ហើយម៉ាឡាអ៊ីកាត់នៅសឡាវ៉ាត(បួងសួង)ឲ្យនរណាម្នាក់នៃពួកអ្នក ដរាបណាគេអង្គុយនៅកន្លែងដែលគេបានសឡាតរួចនោះ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រលាញ់គាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យគាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីគាត់ផង ដរាបណាគាត់មិនបង្កបញ្ហា ដរាបណាគាត់មិនដាច់វូហ្ទុ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
កាលណារ៉ស៊ូលុលឡោះ ﷺ លោកតឹកពៀរចាប់ផ្តើមសឡាត លោកនៅស្ងៀមបន្តិចមុននឹងសូត្រ(អាល់ហ្វាទីហះ)។ ពេលនោះ ខ្ញុំក៏បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមឪពុកម្តាយខ្ញុំជាថ្លៃលោះរបស់លោក! តើលោកសូត្រអ្វីក្នុងពេលលោកនៅស្ងៀមរវាងតឹកពៀរ និងការសូត្រ(អាល់ហ្វាទីហះ)នោះ? លោកបានឆ្លើយថា៖ “គឺខ្ញុំសូត្រថា៖ اللهُمَّ بَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اللهُمَّ نَقِّنِي مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأَبْيَضُ مِنَ الدَّنَسِ، اللهُمَّ اغْسِلْنِي مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងរូបខ្ញុំ និងអំពើបាបរបស់ខ្ញុំ ដូចដែលទ្រង់បានធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងទិសខាងកើត និងទិសខាងលិចផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសម្អាតរូបខ្ញុំពីអំពើបាបទាំងឡាយរបស់ខ្ញុំ ដូចដែលគេសម្អាតសម្លៀកបំពាក់ពណ៌សពីភាពកខ្វក់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាលាងសម្អាតរូបខ្ញុំពីអំពើបាបរបស់ខ្ញុំដោយទឹកកក ទឹក និងព្រិលផងចុះ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានឮសំឡេងស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំក្នុងឋានសួគ៌”។ គាត់បានឆ្លើយថា៖ ខ្ញុំមិនបានសាងទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសម្រាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំយកវូហ្ទុ មិនថាពេលយប់ ឬពេលថ្ងៃ ខ្ញុំតែងសឡាតនឹងវូហ្ទុនោះនូវអ្វីដែលគេបានកត់ត្រាឲ្យខ្ញុំសឡាតនោះឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើម្នាក់ៗក្នុងចំណោមពួកអ្នក គឺអ្នកដែលងើបក្បាលរបស់ខ្លួនមុនអ៊ីម៉ាំនោះមិនខ្លាចអល់ឡោះធ្វើឲ្យក្បាលរបស់គេក្លាយជាក្បាលសត្វលា ឬធ្វើឲ្យរូបរាងរបស់គេក្លាយជារូបរាងសត្វលាទេឬ?”
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់គាត់តឹកពៀរនៅក្នុងគ្រប់សឡាតទាំងអស់ ទាំងសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ) ទាំងសឡាតដែលមិនមែនជាកាតព្វកិច្ច(សឡាតស៊ូណិត) ទាំងក្នុងខែរ៉ម៉ាហ្ទន ទាំងក្រៅពីខែរ៉ម៉ាហ្ទន ដោយគាត់តឹកពៀរនៅពេលឈរ(ចាប់ផ្តើមសឡាត) ក្រោយមក គាត់តឹកពៀរនៅពេលឱនរូកុ។ បន្ទាប់មក គាត់សូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” រួចសូត្រថា៖ “رَبَّنَا وَلَكَ الْحَمْدُ” មុននឹងគាត់ស៊ូជោត។ បន្ទាប់មកទៀត គាត់សូត្រថា៖ “اللهُ أَكْبَرُ”នៅពេលដែលគាត់ចុះទៅស៊ូជោត។ ក្រោយមក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ ក្រោយមកទៀត គាត់តឹកពៀរ(ម្តងទៀត)នៅពេលដែលគាត់ស៊ូជោត(ជាលើកទីពីរ)។ បន្ទាប់មក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ បន្ទាប់មកទៀត គាត់តឹកពៀរនៅពេលដែលគាត់ក្រោកឈរឡើងពីការអង្គុយ(តះយិត)ក្នុងរ៉ក្អាត់ទីពីរ។ ហើយគាត់ធ្វើបែបនេះនៅរាល់រ៉ក្អាត់ទាំងអស់ រហូតដល់គាត់សឡាតរួចរាល់។ បន្ទាប់មក គាត់បាននិយាយនៅពេលដែលគាត់សឡាតរួចរាល់ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ខ្ញុំពិតជាអ្នកដែលសឡាតស្រដៀងនឹងសឡាតរបស់រ៉ស៊ូលុលឡោះ ﷺ ជាងគេក្នុងចំណោមពួកអ្នក។ ពិតណាស់ នេះគឺជាការសឡាតរបស់លោក រហូតដល់លោកលាចាកលោកិយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
មានបុរសពិការភ្នែកម្នាក់បានទៅជួបណាពី ﷺ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំគ្មានអ្នកនាំផ្លូរទៅម៉ាស្ជិតទេ ដោយគាត់សុំរ៉ស៊ូលុលឡោះ ﷺ លើកលែងឲ្យគាត់សឡាតនៅផ្ទះ។ ពេលនោះ លោកក៏បានអនុញ្ញាតឲ្យគាត់។ នៅពេលដែលគាត់បែរត្រឡប់ទៅវិញ លោកក៏បានហៅគាត់ ហើយសួរថា៖ “តើអ្នកមានឮការអាហ្សាន(ប្រកាសហៅ)សឡាតដែរឬទេ”? គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ “បើដូច្នេះ ចូរអ្នកឆ្លើយតបចំពោះការប្រកាសហៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម