Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

52 នៃ 839 កាត

លុបតម្រង
ពិតណាស់គាត់តឹកពៀរនៅក្នុងគ្រប់សឡាតទាំងអស់ ទាំងសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ) ទាំងសឡាតដែលមិនមែនជាកាតព្វកិច្ច(សឡាតស៊ូណិត) ទាំងក្នុងខែរ៉ម៉ាហ្ទន ទាំងក្រៅពីខែរ៉ម៉ាហ្ទន ដោយគាត់តឹកពៀរនៅពេលឈរ(ចាប់ផ្តើមសឡាត) ក្រោយមក គាត់តឹកពៀរនៅពេលឱនរូកុ។ បន្ទាប់មក គាត់សូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” រួចសូត្រថា៖ “رَبَّنَا وَلَكَ الْحَمْدُ” មុននឹងគាត់ស៊ូជោត។ បន្ទាប់មកទៀត គាត់សូត្រថា៖ “اللهُ أَكْبَرُ”នៅពេលដែលគាត់ចុះទៅស៊ូជោត។ ក្រោយមក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ ក្រោយមកទៀត គាត់តឹកពៀរ(ម្តងទៀត)នៅពេលដែលគាត់ស៊ូជោត(ជាលើកទីពីរ)។ បន្ទាប់មក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ បន្ទាប់មកទៀត គាត់តឹកពៀរនៅពេលដែលគាត់ក្រោកឈរឡើងពីការអង្គុយ(តះយិត)ក្នុងរ៉ក្អាត់ទីពីរ។ ហើយគាត់ធ្វើបែបនេះនៅរាល់រ៉ក្អាត់ទាំងអស់ រហូតដល់គាត់សឡាតរួចរាល់។ បន្ទាប់មក គាត់បាននិយាយនៅពេលដែលគាត់សឡាតរួចរាល់ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ខ្ញុំពិតជាអ្នកដែលសឡាតស្រដៀងនឹងសឡាតរបស់រ៉ស៊ូលុលឡោះ ﷺ ជាងគេក្នុងចំណោមពួកអ្នក។ ពិតណាស់ នេះគឺជាការសឡាតរបស់លោក រហូតដល់លោកលាចាកលោកិយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គ្មានទេការសឡាតសម្រាប់អ្នកដែលមិនបានសូត្រស៊ូរ៉ោះអាល់ហ្វាទីហះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ក្នុងពេលដែលពួកយើងនៅក្នុងម៉ាស្ជិតជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសអារ៉ាប់ជនបទម្នាក់បានមកដល់ ហើយបានឈរនោមក្នុងម៉ាស្ជិត។ ពេលនោះ សហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ បាននិយាយថា៖ ឈប់ ឈប់!។ គាត់បានបន្តថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ កុំរំខានគេ ទុកឱ្យគេនោមអស់សិន។ ពួកគេក៏បណ្តោយបុរសនោះ រហូតនោមអស់។ ក្រោយមក រ៉ស៊ូលុលឡោះ ﷺ បានហៅបុរសនោះមក ហើយបានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ “ពិតប្រាកដណាស់ ម៉ាស្ជិតទាំងនេះមិនសម្រាប់ការនោម ឬក៏ប្រការកខ្វក់ឡើយ។ តាមពិត វាគឺសម្រាប់ការរំលឹកទៅចំពោះអល់ឡោះជាម្ចាស់ ប្រតិបត្តិសឡាត និងសូត្រគម្ពីរគួរអានប៉ុណ្ណោះ” ឬដូចដែលរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍។ គាត់បាននិយាយថា៖ ពេលនោះ លោកក៏បានប្រើបុរសម្នាក់នៅក្នុងឲ្យយកទឹកមួយធុង រួចស្រោចលាងកន្លែងនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រសិនបើអ្នកដែលដើរកាត់មុខអ្នកសឡាតដឹងថា បាបកម្មវាកម្រិតណានោះ ប្រាកដជាគេនឹងឈររង់ចាំរយៈពេលសែសិប ល្អប្រសើរជាងគេដើរកាត់មុខអ្នកសឡាតនោះ”។ អាពូអាន់ណាត់រ៍ បាននិយាយថា៖ ខ្ញុំមិនដឹងទេថា តើលោកមានប្រសាសន៍ថា សែសិបថ្ងៃ ឬសែសិបខែ ឬសែសិបឆ្នាំ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បានចូលទៅក្នុងម៉ាស្ជិទនៅថ្ងៃសុក្រតាមទ្វារដែលបែរឆ្ពោះទៅកន្លែងកាត់ក្តី ខណៈពេលដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា(សូត្រឃុតហ្ពះ)។ បុរសនោះបានឈរតម្រង់មុខទៅកាន់រ៉ស៊ូលុលឡោះ ﷺ រួចនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង”។ អាណាស បាននិយាយថា៖ ជាការពិតណាស់ សូមស្បថនឹងអល់ឡោះ! នៅពេលនោះ ពួកយើងមិនឃើញមានពពក ឬដុំពពកសូម្បីតែបន្តិចនៅលើផ្ទៃមេឃនោះឡើយ ហើយក៏គ្មានផ្ទះ ឬលំនៅឋានណាមួយនៅចន្លោះពួកយើង និងភ្នំស៊ីឡាក់នោះដែរ។ គាត់បានបន្តថា៖ ភ្លាមនោះ មានដុំពពកដ៏ធំមួយប្រៀបដូចខែលបានលេចចេញពីក្រោយភ្នំ។ ពេលពពកនោះអណ្តែតដល់កណ្តាលផ្ទៃមេឃ វាក៏បានរីកសាយ។ បន្ទាប់មក ភ្លៀងក៏បង្អុរមក។ ជាការពិតណាស់ សូមស្បថនឹងអល់ឡោះ! ពួកយើងមិនបានឃើញព្រះអាទិត្យអស់រយៈពេលប្រាំមួយថ្ងៃពេញ។ បន្ទាប់មក នៅថ្ងៃសុក្របន្ទាប់ មានបុរសម្នាក់បានចូលមកតាមទ្វារដដែល ខណៈដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា។ បុរសនោះបានឈរតម្រង់ទៅរកលោក ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ឈប់ភ្លៀងពីពួកយើងផង។ អាណាសបាននិយាយថា៖ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ “ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់តំបន់ជុំវិញពួកយើង និងកុំបង្អុរវាមកលើពួកយើង! ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់ខ្ពង់រាប កូនភ្នំ ជ្រលងភ្នំ និងកន្លែងដែលរុក្ខជាតិដុះផង”។ អាណាសបានបន្តថា៖ ភ្លាមនោះ ភ្លៀងបានរាំង ហើយពួកយើងក៏បានចេញដើរក្រោមពន្លឺថ្ងៃវិញ។ ស្ហារីក បាននិយាយថា៖ ខ្ញុំបានសួរអាណាសថា៖ តើបុរសដែលចូលមកនោះ ជាបុរសទីមួយនោះឬ? គាត់បានឆ្លើយថា៖ ខ្ញុំមិនដឹងទេ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មានៅពេលចាប់ផ្តើមសឡាត និងនៅពេលតឹកពៀរដើម្បីរូកុ។ ហើយនៅពេលងើបក្បាលពីរូកុវិញ លោកក៏លើកដៃទាំងពីរដូចគ្នានេះដែរ ហើយសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” (អល់ឡោះជាម្ចាស់ទ្រង់ឮហើយអ្នកដែលសរសើរទ្រង់។ ឱម្ចាស់របស់យើង ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)។ ហើយលោកមិនធ្វើដូចនេះទេនៅពេលស៊ូជោត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម